សហព័ន្ធកីឡាវាយសីកម្ពុជា

សហព័ន្ធកីឡាវាយសីកម្ពុជា ជាអង្គការកីឡាសង្គមស្វយ័ត និងគ្មានរយៈពេលកំណត់ត្រូវទទួលស្គាល់ពីសហព័ន្ធកីឡាវាយសីពិភពលោក(BWF) និងសហព័ន្ធកីឡាវាយសីអាស៊ី(BA)។

* សហព័ន្ធកីឡាវាយសីកម្ពុជា មានភារកិច្ច
 - ផ្សព្វផ្សាយបទបញ្ជាអន្ដរជាតិនៃកីឡាវាយសី និងព្រឹត្ដិប័ត្រសំខាន់ៗទាំងឡាយជូនដល់ក្លឹបវាយសី និងសម្ព័ន្ធកីឡាវាយសីជាសមាជិក។
 - រៀបចំប្រតិទិនប្រកួតប្រចាំឆ្នាំ ប្រកួតជម្រើសជាតិ ប្រកួតដណ្ដើមពានរង្វាន់ ប្រកួតមិត្ដភាព ។ល៕
 - ជាសមត្ថកិច្ចថ្នាក់ជាតិតែមួយគត់ ដែលគ្រប់គ្រងអភិបាលព្រឹត្ដិការណ៍កីឡាវាយសី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
 - ទទួលស្គាល់សំណើសុំបង្កើតក្លឹបកីឡាវាយសី និងសម្ព័ន្ធកីឡាវាយសីតាមក្រសួង រាជធានី ខេត្ដ ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ។
 - ជ្រើសតាំងគណៈប្រតិភូតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតជាលក្ខណៈអន្ដរជាតិ។

* តួនាទីរបស់សមាជិកគណៈកម្មាធិការប្រតិបត្ដិនីមួយៗ
   ១. ប្រធាន៖
        ក- ប្រធានទទួលខុសត្រូវរួមក្នុងការដឹកនាំ គ្រប់គ្រងសហព័ន្ធកីឡាវាយសីកម្ពុជា។
        ខ- ប្រធានត្រូវកោះហៅ និងជាអធិបតីក្នុងការដឹកនាំរាល់អង្គប្រជុំមហាសន្និបាត និងប្រជុំគណៈកម្មាធិការប្រតិបត្ដិ។
   ២. អនុប្រធាន៖
        – អនុប្រធានត្រូវបំពេញភារកិច្ចដែលប្រធានប្រគល់ឱ្យ និងទទួលខុសត្រូវជំនួសប្រធាននៅពេលអវត្ដមានប្រធាន។
        – ទទួលភារកិច្ចផ្សេងៗដែលប្រធានប្រគល់ជូន។
   ៣. អគ្គលេខាធិការ៖
        ក- ត្រូវគ្រប់គ្រងការងារអចិន្ត្រៃយ៍ ទាំងរដ្ឋបាល និងបច្ចេកទេស។
        ខ- ត្រូវរៀបចំបញ្ជូនរបាយការណ៍ពាក់ព័ន្ធទៅស្ថាប័នជាតិ និងអន្ដរជាតិ។
        គ- ត្រូវពង្រាងរបាយការណ៍សកម្មភាពប្រចាំឆ្នាំដាក់ជូនគណៈកម្មាធិការប្រតិបត្ដិរួចបញ្ជូនទៅមហាសន្និបាតពិនិត្យនិងសម្រេច។
        ឃ- ត្រូវធ្វើនិងរក្សារាល់កំណត់ហេតុមហាសន្និបាត និងអង្គប្រជុំគណៈកម្មាធិការប្រតិបត្ដិ។
        ង- ទទួលភារកិច្ចផ្សេងទៀត ដែលប្រធានប្រគល់ជូន។
  ៤. អគ្គលេខាធិការរង៖
        ក- អគ្គលេខាធិការរងត្រូវអនុវត្ដនិងទទួលខុសត្រូវការងារជំនួសមុខឱ្យអគ្គលេខាធិការនៅពេលអវត្ដមាន។
        ខ- ទទួលភារកិច្ចផ្សេងទៀតដែលប្រធានប្រគល់ជូន។
  ៥. អគ្គហេរញ្ញិក៖
        ក- អគ្គហេរញ្ញិកទទួលខុសត្រូវការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហព័ន្ធ។
        ខ- អគ្គហេរញ្ញិកត្រូវមានហត្ថលេខាជាមួយប្រធាន ឫអគ្គលេខាធិការ នូវរាល់ការចំណាយថវិកាទាំងអស់។
        គ- អគ្គហេរញ្ញិកត្រូវរៀបចំសៀវភៅហិរញ្ញវត្ថុ និងសៀវភៅគណនេយ្យ។
        ឃ- អគ្គហេរញ្ញិកត្រូវរៀបគ្រប់របាយការណ៍ហិរញ្ញវត្ថុ។
        ង- អគ្គហេរញ្ញិកត្រូវរៀបចំគម្រោងថវិការប្រចាំឆ្នាំ និងរក្សាសមតុល្យនៃគម្រោងថវិការរបស់សហព័ន្ធ។
        ច- អគ្គហេរញ្ញិកត្រូវធានាថា សេចក្ដីប្រកាសហិរញ្ញវត្ថុរបស់សហព័ន្ធត្រឹមត្រូវនិងត្រូវបានធ្វើសវនកម្ម ប្រសិនបើមានតម្រូវការ។
   ៦. សមាជិកគណៈកម្មាធិការប្រតិបត្ដិ៖
        – សមាជិកគណៈកម្មាធិការប្រតិបត្ដិត្រូវអនុវត្ដគ្រប់ភារកិច្ចដែលប្រធានប្រគល់ជូន។